ព្រះត្រៃបិដក ភាគ ១៩

សេចក្តី​សំគាល់​ប្រកបដោយ​ការ​មិន​បៀតបៀន១​។​ ​ធាតុ​ជាអកុសល៣យ៉ាងគឺ​ ​ធាតុ​ប្រកបដោយ​កាម​(​១​)​ ​១​ ​ធាតុ​ប្រកបដោយ​ព្យាបាទ១​ ​ធាតុ​ប្រកបដោយ​ការបៀតបៀន១​។​ ​ធាតុ​ជាកុសល៣យ៉ាងគឺ​ ​ធាតុ​ប្រកបដោយ​ការ​ចាកចេញ​កាម​(​២​)​ ​១​ ​ធាតុ​ប្រកបដោយ​ការ​មិន​ព្យាបាទ១​ ​ធាតុ​ប្រកបដោយ​ការ​មិន​បៀតបៀន១​។​ ​ធាតុ៣យ៉ាង​ដទៃទៀត​គឺ​ ​ធាតុ​ប្រកបដោយ​កាម​(​៣​)​ ​១​ ​ធាតុ​ប្រកបដោយ​រូប១​ ​ធាតុ​ប្រកបដោយ​អរូប១​។​ ​ធាតុ៣យ៉ាង​ដទៃទៀត​គឺ​ ​ធាតុ​ប្រកបដោយ​រូប១​ ​ធាតុ​ប្រកបដោយ​អរូប១​ ​ធាតុ​ប្រកបដោយ​សេចក្តី​រលត់​ ​គឺ​ ​ព្រះនិព្វាន១​។​ ​ធាតុ៣យ៉ាង​ដទៃទៀត​ ​គឺ​ ​ធាតុ​យ៉ាង​ទាប​(​៤​)​ ​១​ ​ធាតុ​យ៉ាង​កណ្តាល​(​៥​)​ ​១​ ​ធាតុ​យ៉ាង​ឧត្តម​(​៦​)​ ​១​។​ ​តណ្ហា៣យ៉ាងគឺ​ ​កាមតណ្ហា​(​៧​)​ ​១​ ​ភវតណ្ហា​(​៨​)​ ​១​ ​វិភវ​តណ្ហា​(​៩​)​ ​១​។​ ​តណ្ហា៣យ៉ាង​ដទៃទៀត​គឺ​ ​កាមតណ្ហា១​ ​រូប​តណ្ហា​(​១០​)​ ​១​ ​អរូប​តណ្ហា​(​១១​)​ ​១​។​
​(​១​)​ ​ក្នុង​ទីនេះ​ ​សំដៅយក​មិច្ឆា​សង្កប្ប​ ​គឺ​តម្រិះ​ខុស​។​ ​(​២​)​ ​ក្នុង​ទីនេះ​ ​សំដៅយក​សម្មាសង្កប្ប​ ​គឺ​តម្រិះ​ត្រូវ​។​ ​(​៣​)​ ​[​ធាតុ​ក្នុង​ទីនេះ​ ​សំដៅយក​ភព​។​ ​(​៤​)​ ​សំដៅយក​អកុសល​ចិ​ត្តុ​ប្បា​ទ​ទំាង១២​។​ ​(​៥​)​ ​សំដៅយក​តេ​ភូមិក​ធម៌​ ​ក្រៅអំពី​អកុសល​ចិ​ត្តុ​ប្បា​ទ​នោះ​។​ ​(​៦​)​ ​សំដៅយក​នវ​លោកុត្តរធម៌​។​ ​(​៧​)​ ​បាន​ដល់​តម្រេក​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​កាមគុណ​ទាំង៥​។​ ​(​៨​)​ ​សេចក្តី​អាល័យ​ក្នុង​ឈាន​ ​ក្នុង​រូបភព​ ​និង​អរូបភព​ ​ឬ​តម្រេក​ប្រកបដោយ​សស្ស​ត​ទិដ្ឋិ​។​ ​(​៩​)​ ​តម្រេក​ប្រកបដោយ​ឧច្ឆេទ​ទិដ្ឋិ​។​ ​(​១០​)​ ​ឆន្ទ​រាគ​ ​ក្នុង​រូបភព​។​ ​(​១១​)​ ​ឆន្ទ​រាគ​ ​ក្នុង​អរូបភព​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636818938696680341
ទៅកាន់ទំព័រ៖