ព្រះត្រៃបិដក ភាគ ១៩
[១០៦] អរូបជ្ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះការប្រព្រឹត្តកន្លងនូវរូបសញ្ញា
(១) ដោយប្រការទាំងពួង ព្រោះការអស់បដិឃសញ្ញា
(២) ព្រោះការលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា
(៣) ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន១។
(១) ប្រែថា សេចក្តីសំគាល់ក្នុងរូប។ ឯរូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង។ (២) ប្រែថា សេចក្តីសំគាល់កើតឡើង ដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូបជាដើម។ (៣) គឺសញ្ញាផ្សេងៗគ្នា មាន៤៤ គឺកាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយសញ្ញា១១។
ID: 636818952054434361
ទៅកាន់ទំព័រ៖