ព្រះត្រៃបិដក ភាគ ១៩
មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចំរើន
(១) ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការចំរើន មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះ ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចំរើន ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការចំរើននោះឯង មួយវិញទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងការត្រេកអរនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។
(១) ចំរើនគុណធម៌ មាននេក្ខម្មជាដើម មានអរហត្តមគ្គជាទីបំផុត។
ID: 636818953287814906
ទៅកាន់ទំព័រ៖