ព្រះត្រៃបិដក ភាគ ១៩
[១០៩] ការព្យាយាមជាគ្រឿងតំកល់៤យ៉ាង គឺការព្យាយាមក្នុងសេចក្តីសង្រួម១ ការព្យាយាមក្នុងការលះ១ ការព្យាយាមក្នុងការចំរើន១ ការព្យាយាមក្នុងការរក្សារឿយៗ១។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាម ក្នុងសេចក្តីសង្រួម តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវសម្ផស្ស ដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួមក្នុងមនិន្ទ្រិយ ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងសេចក្តីសង្រួម។
ID: 636818953573581251
ទៅកាន់ទំព័រ៖