ព្រះត្រៃបិដក ភាគ ១៩
[១៣៨] សង្គហវត្ថុ
(១) មាន៤យ៉ាង គឺការឲ្យ១ ការចរចាពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តឲ្យជាប្រយោជន៍១ ភាវៈជាបុគ្គលមានខ្លួនស្មោះស្មើ
(២) ១។
[១៣៩] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងគឺ ពាក្យកុហក១ សំដីញុះញង់១ សំដីទ្រគោះ១ សំដីរោយរាយឥតប្រយោជន៍១។
[១៤០] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាង គឺ ការវៀរចាកពាក្យកុហក១ ការវៀរចាកសំដីញុះញង់១ ការវៀរចាកសំដីទ្រគោះ១ ការវៀរចាកសំដីរោយរាយ ឥតប្រយោជន៍១។
[១៤១] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញថាឃើញ១ មិនឮ ថាឮ១ មិនប៉ះពាល់
(៣) ថាប៉ះពាល់១ មិនដឹងច្បាស់ ថាដឹងច្បាស់១។
[១៤២] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញថាមិនឃើញ១ មិនឮ ថាមិនឮ១ មិនប៉ះពាល់ ថាមិនប៉ះពាល់១ មិនដឹងច្បាស់ ថាមិនដឹងច្បាស់១។
(១) ហេតុនៃការសង្គ្រោះ។ (២) ការរួមសុខ រួមទុក្ខជាមួយគ្នា មានអង្គុយលើអាសនៈជាមួយគ្នា ដេកលើគ្រែជាមួយគ្នា និងបរិភោគជាមួយគ្នា ជាដើម។ (៣) សំដៅយកការហិតក្លិនដោយច្រមុះ លិទ្ធជញ្ជាប់ដោយអណ្តាត ពាល់ត្រូវសម្ផស្សដោយកាយ។
ID: 636818961746658724
ទៅកាន់ទំព័រ៖