ព្រះត្រៃបិដក ភាគ ១៩
[១៥០] ឧបាទានក្ខន្ធ៥យ៉ាង គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។
[១៥១] កាមគុណ៥យ៉ាង គឺ រូបទាំងឡាយដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្តីត្រេកអរ១។ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក១។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត១។ សម្ផស្សទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្តីត្រេកអរ១។
[១៥២] គតិ៥យ៉ាងគឺ នរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។
[១៥៣] សេចក្តីកំណាញ់៥យ៉ាងគឺ កំណាញ់អាវាស១ កំណាញ់ត្រកូល១ កំណាញ់លាភ១ កំណាញ់សេចក្តីសរសើរ
(១) ១ កំណាញ់ធម៌១។
(១) ថា កំណាញ់សេចក្តីសរសើរ ឬកំណាញ់ពណ៌សម្បុរក៏បាន។
ID: 636818964064711309
ទៅកាន់ទំព័រ៖