ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយញាតិក្តី ព្រោះហេតុតែបរិបូណ៌ដោយភោគៈក្តី ព្រោះហេតុតែបរិបូណ៌ដោយភាពមិនមានរោគក្តីនោះទេ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយសីល ឬព្រោះហេតុតែបរិបូណ៌ដោយទិដ្ឋិ។
[១៦១] ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល ៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវសេចក្ដីវិនាស នៃសម្បត្តិយ៉ាងធំ មានសេចក្ដីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិត្តិសព្ទអាក្រក់ របស់បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី
ID: 636818965128272141
ទៅកាន់ទំព័រ៖