ព្រះត្រៃបិដក ភាគ ១៩
ប្រយោជន៍១ អាត្មាអញនិយាយ ដោយចិត្តប្រកបដោយមេត្តា មិននិយាយដោយចិត្តប្រកបដោយទោស១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវដំកល់ធម៌៥ប្រការនេះ ទុកក្នុងខ្លួនហើយទើបចោទភិក្ខុដទៃបាន។
[១៦៤] អង្គនៃភិក្ខុដែលមានសេចក្តីព្យាយាម មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងមកកាន់ភពថ្មីទៀត ដោយហេតុនេះៗ១ ជាអ្នកមិនមានអាពាធ មិនមានសេចក្តីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម១ មិនមែនជាអ្នកលេងបោកប្រាស់ មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់ នូវខ្លួនគួរតាមពិត ក្នុងសំណាក់ព្រះសាស្តា ឬក្នុងសំណាក់សព្រហ្មចារីទាំងឡាយ
ID: 636818966003752216
ទៅកាន់ទំព័រ៖