ព្រះត្រៃបិដក ភាគ ១៩
            
        
        
            
            
                
                ជាអ្នកអួតអាង មានពុតត្បុត១។ ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិខុស១។ ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ កម្រនឹងលះបង់បាន១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់បានដោយក្រ ភិក្ខុនោះរមែងមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះធម៌ខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះសង្ឃខ្លះ មិនជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាមួយ ជាអ្នកមិនគោរព មិនកោតក្រែងក្នុងព្រះសាស្តាខ្លះ ក្នុងព្រះធម៌ខ្លះ។បេ។ ក្នុងព្រះសង្ឃខ្លះ។បេ។ មិនធ្វើឲ្យពេញលេញក្នុងសិក្ខាខ្លះ។ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវព្យាយាម លះមូលហេតុនៃវិវាទ ដ៏លាមកនោះឯងចេញ។
            
            
         
        
            
                ID: 636818973094327774 
                
            
            
                ទៅកាន់ទំព័រ៖