ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈនៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះឧបេក្ខាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវរាគៈ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា អនិមិត្តាចេតោវិមុត្តិ (អរហត្តផលសមាបត្តិ) ខ្ញុំបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ ដំកល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ខ្ញុំនៅតែមានវិញ្ញាណ ដែលរលឹកតាមនូវនិមិត្ត។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ អនិមិត្តាចេតោវិមុត្តិ
ID: 636818974451425395
ទៅកាន់ទំព័រ៖