ព្រះត្រៃបិដក ភាគ ១៩

បាន​ភោជន​សៅហ្មង​ ​ឬ​ថ្លៃថ្លា​ ​បរិបូណ៌​ដរាបដល់​ឆ្អែត​ដែរ​ហើយ​ ​តែ​កាយ​របស់​អាត្មាអញ​ ​ក៏​ធ្ងន់​ ​ធ្វើការងារ​មិនកើត​ ​ទំនង​ដូចជា​សណ្តែក​ ​ដែល​ត្រូវ​ទឹក​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី៦​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​កើត​អាពាធ​តិចតួច​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​កើត​អាពាធ​តិចតួច​នេះ​ហើយ​ ​មាន​ទំនង​នឹង​ដេក​បាន​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ប្រុងប្រៀប​ព្យាយាម​ ​.​.​.​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី៧​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សះស្បើយ​អំពី​ជម្ងឺ​ហើយ​ ​ទើបនឹង​សះស្បើយ​អំពី​ជម្ងឺ​មិនយូរ​ប៉ុន្មាន​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​សះស្បើយ​អំពី​ជម្ងឺ​ហើយ​ ​តែ​សះស្បើយ​អំពី​ជម្ងឺ​មិនយូរ​ប៉ុន្មាន​ ​កាយ​របស់​អាត្មាអញ​ ​នៅ​មិនទាន់​មាន​កំឡាំង​ ​ធ្វើការងារ​មិនកើត​ ​ណ្ហើយចុះ​ ​អាត្មាអញ​ដេក​សិន​។​ ​ភិក្ខុ​នោះ​ ​ក៏​ដេក​ ​មិន​ប្រុងប្រៀប​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នេះ​ជា​ ​កុសី​ត​វត្ថុ​ ​ទី៨​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636818979948249795
ទៅកាន់ទំព័រ៖