ព្រះត្រៃបិដក ភាគ ១៩
អាត្មាអញ បានសះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន អាពាធរបស់អាត្មាអញ គង់មានទំនងរើឡើងវិញ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី៨។
[២១៦] ទានវត្ថុមាន៨យ៉ាង គឺ បុគ្គលឲ្យទាន ព្រោះបុគ្គលស្រាប់តែមកដល់១ ឲ្យទានព្រោះខ្លាច (គេតិះដៀល ឬខ្លាចអបាយភូមិ)១ ឲ្យទានដោយគិតថា គេធ្លាប់ឲ្យដល់អាត្មាអញហើយ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អាត្មាអញវិញ១ ឲ្យទានដោយគិតថា ទានជាការឲ្យសម្រេចប្រយោជន៍១ ឲ្យទានដោយគិតថា អាត្មាអញ មិនបានចំអិន ជនទាំងនេះ មិនបានចំអិន កាលបើអាត្មាអញបានចំអិន មិនគួរនឹងមិនឲ្យទាន ដល់ពួកជនដែលមិនបានចំអិនទេ១ ឲ្យទានដោយគិតថា កាលបើអាត្មាអញ ឲ្យទាននេះទៅហើយ កិត្តិសព្ទដ៏ល្អ រមែងខ្ចរខ្ចាយទៅ១ ឲ្យទានដើម្បីជាគ្រឿងប្រដាប់ចិត្ត ទាំងជាបរិវាររបស់ចិត្ត១។
ID: 636818981032131790
ទៅកាន់ទំព័រ៖