ព្រះត្រៃបិដក ភាគ ១៩
ទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍។ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងឋានតាវត្តិង្ស។បេ។ ពួកទេវតាក្នុងឋានយាមៈ។បេ។ ពួកទេវតាក្នុងឋានតុសិត។បេ។ ពួកទេវតាក្នុងឋាននិម្មានរតី។បេ។ ពួកទេវតាក្នុងឋានបរនិម្មិតវសវតី មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតា ក្នុងឋានបរនិម្មិតវសវតី្ត។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ រួចស្រឡះចាកកាមគុណដ៏ថោកទាប តែមិនចំរើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ។
ID: 636818981969745418
ទៅកាន់ទំព័រ៖