ព្រះត្រៃបិដក ភាគ ១៩
[២១៨] លោកធម៌មាន៨យ៉ាងគឺ លាភ១ អលាភ១ យស១ អយស១ និន្ទា១ សរសើរ១ សុខ១ ទុក្ខ១។
[២១៩] បរិស័ទមាន៨ពួកគឺ ខត្តិយបរិស័ទ១ ព្រាហ្មណបរិស័ទ១ គហបតិបរិស័ទ១ សមណបរិស័ទ១ ចាតុម្មហារាជិកបរិស័ទ១ តាវត្តឹសបរិស័ទ១ និម្មានរតិបរិស័ទ១ ព្រហ្មបរិស័ទ១។
[២២០] អភិភាយតនៈ មាន៨យ៉ាងគឺ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ
ID: 636818982567499608
ទៅកាន់ទំព័រ៖