ព្រះត្រៃបិដក ភាគ ១៩
លះបង់វិចិកិច្ឆា១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានអង្គ៥ លះបង់ហើយដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ឆឡង្គុបេក្ខា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនមានសោមនស្ស មិនមានទោមនស្ស ជាបុគ្គលព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ឆឡង្គុបេក្ខា ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត មានសតិ ជាគ្រឿងរក្សាទុក។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿងពឹងផ្អែក៤យ៉ាង តើដូចម្តេច។
ID: 636818990553906404
ទៅកាន់ទំព័រ៖