ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពវត្ថុ ដែលគួរសេព១ ពិចារណាហើយ ទើបអត់សង្កត់វត្ថុ ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើបវៀរវត្ថុ ដែលគួរវៀរ១ ពិចារណាហើយ ទើបបន្ទោបង់វត្ថុ ដែលគួរបន្ទោបង់១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿងពឹងផ្អែក៤យ៉ាង ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចេញ ផ្តាច់ចេញ លះបង់ រលាស់ចោល នូវសច្ចធម៌ ដែលបុគ្គលប្រកាន់ផ្សេងគ្នាច្រើនយ៉ាង របស់ពួកសមណព្រាហ្មណ៍ជាច្រើននោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់ការស្វែងរកកាម លះបង់ការស្វែងរកភព លះបង់ការស្វែងរកព្រហ្មចារ្យ
(១) ។
(១) សំដៅយកការលះ អន្តគ្គាហិកទិដ្ឋិ (អដ្ឋកថា)
ID: 636818990878534972
ទៅកាន់ទំព័រ៖