ព្រះត្រៃបិដក ភាគ ១៩

 [​២៥២​]​ ​ធម៌​ពីរ​ដែល​គួរ​លះបង់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អវិជ្ជា​ ​(​សេចក្តី​ល្ងង់​)​១​ ​ភវតណ្ហា​ ​(​ចំណង់​ក្នុង​ភព​)​១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរ​លះបង់​។​
 [​២៥៣​]​ ​ធម៌​ពីរ​ដែល​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ភាវៈ​ជា​អ្នក​ដែលគេ​ស្តីប្រដៅ​បាន​ដោយ​ក្រ១​ ​ភាវៈ​ជា​អ្នក​គប់មិត្ត​អាក្រក់១​។​ ​ធម៌​ទាំងពីរ​នេះ​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​។​
 [​២៥៤​]​ ​ធម៌​ពីរ​ដែល​ជា​ចំណែក​វិសេស​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ភាវៈ​ ​ជា​អ្នក​ដែលគេ​ស្តីប្រដៅ​ងាយ១​ ​ភាវៈ​ ​ជា​អ្នក​គប់មិត្ត​ល្អ១​។​ ​ធម៌​ទាំងពីរ​នេះ​ ​ជា​ចំណែក​វិសេស​។​ ​
 [​២៥៥​]​ ​ធម៌​ពីរ​ដែល​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សៅហ្មង​ ​របស់​សត្វ​ទាំងឡាយ១​ ​ហេតុ​ ​និង​បច្ច័យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ ​របស់​សត្វ​ទាំងឡាយ១​។​ ​ធម៌​ទាំងពីរ​នេះ​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​។​
 [​២៥៦​]​ ​ធម៌​ពីរ​ដែល​គួរឲ្យ​កើតឡើង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ញាណ​ ​(​ការ​ដឹង​)​ ​ពីរ​យ៉ាង​ ​ការ​ដឹង​ក្នុង​របស់​អស់​ទៅ១​ ​ការ​ដឹង​ក្នុង​របស់​មិនទាន់​កើតឡើង១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរឲ្យ​កើតឡើង​។​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636819005263077721
ទៅកាន់ទំព័រ៖