ព្រះត្រៃបិដក ភាគ ១៩
[២៧៧] ធម៌៤ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ។ សមាធិ៤គឺ សមាធិដែលជាចំណែកនៃសេចក្តីវិនាស១ សមាធិដែលជាចំណែកនៃការឋិតថេរ១ សមាធិដែលជាចំណែកវិសេស១ សមាធិដែលជាចំណែកនៃកិរិយាទំលាយនូវកិលេស១។ ធម៌ទាំង៤នេះ ត្រាស់ដឹងបានដោយក្រ។
[២៧៨] ធម៌៤ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ។ ញាណ ៤គឺ ធម្មជាត ជាគ្រឿងដឹងក្នុងធម៌១ ធម្មជាត ជាគ្រឿងដឹងក្នុងការយល់១ ធម្មជាត ជាគ្រឿងដឹងក្នុងការកំណត់១ ធម្មជាត ជាគ្រឿងដឹងក្នុងការសម្មតិ១។ ធម៌ទាំង៤នេះ គួរឲ្យកើតឡើង។
[២៧៩] ធម៌៤ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ។ អរិយសច្ច៤ គឺ ទុក្ខអរិយសច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១។ ធម៌ទាំង៤នេះ គួរដឹងច្បាស់។
[២៨០] ធម៌៤ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ សាមញ្ញផល៤គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ធម៌ទាំង៤នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៤០នេះ
ID: 636819008479081666
ទៅកាន់ទំព័រ៖