ព្រះត្រៃបិដក ភាគ ១៩
[១៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍ ហើយសាកសួរថា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេច ជាអកុសល អំពើដូចម្តេច ដែលប្រកបដោយទោស អំពើដូចម្តេច ដែលមិនប្រកបដោយទោស អំពើដូចម្តេច គួរសេព អំពើដូចម្តេច មិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាង នូវកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានឆវី (សម្បុរថ្ងៃ) ដ៏ល្អិត ផូរផង់ រលីងស្រិល រអិលធុលីធ្លាក់មកត្រូវ មិនជាប់កាយ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។
ID: 636818886143264457
ទៅកាន់ទំព័រ៖