ព្រះត្រៃបិដក ភាគ ១៩
ទិដ្ឋិណាដ៏ប្រសើរ គឺសម្មាទិដ្ឋិ ជាគ្រឿងនាំសត្វចេញចាកភព តែងស្រោចស្រង់សត្វដែលប្រព្រឹត្តតាមទិដ្ឋិនោះ ដើម្បីឲ្យអស់ទៅនៃទុក្ខដោយប្រពៃ ភិក្ខុជាអ្នកមានទិដ្ឋិដ៏ស្មើ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទិដ្ឋិមានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ និងទីកំបាំង នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១។ ធម៌ទាំង៦នេះ មានឧបការៈច្រើន។
[២៩៤] ធម៌៦គួរចំរើន តើដូចម្តេចខ្លះ។ អនុស្សតិដ្ឋានៈ (ហេតុជាទីតាំងនៃសេចក្តីរលឹករឿយៗ)៦យ៉ាង សេចក្តីរលឹកនូវព្រះពុទ្ធ១ រលឹកនូវព្រះធម៌១ រលឹកនូវព្រះសង្ឃ១ រលឹកនូវគុណនៃសីល១ រលឹកនូវទាន ដែលបានបរិច្ចាគហើយ១ រលឹកដល់ធម៌ទេវតា
(១)១។ ធម៌ទាំង៦នេះ គួរចំរើន។
(១) គឺរលឹកចំពោះគុណធម៌ទាំង៥ ដែលនាំបុគ្គលឲ្យសម្រេចនូវភាពជាទេវតា។ ឯធម៌ទាំង៥នោះគឺ សទ្ធា១ សីល១ សុតៈ១ ចាគៈ១ បញ្ញា១ ព្រោះទេព្តាដែលទៅកើតឋានសួគ៌ ក៏ដោយអំណាចធម៌ទាំង៥នេះឯង។ វិសុទ្ធិមគ្គ ត្រង់ឆអនុស្សតិនិទ្ទេស។
ID: 636819013852018980
ទៅកាន់ទំព័រ៖