ព្រះត្រៃបិដក ភាគ ១៩
លុះភិក្ខុនោះ បានស្តាប់ធម៌នោះហើយ ក៏បានបរិបូណ៌ដោយសេចក្តីស្ងប់ស្ងាត់ពីរប្រការ គឺស្ងាត់កាយ១ ស្ងាត់ចិត្ត១ នេះជាហេតុទី៣ បច្ច័យទី៣ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ នេះជាហេតុទី៤ បច្ច័យទី៤ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើន បរិបូណ៌ឡើង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង
ID: 636819022170024743
ទៅកាន់ទំព័រ៖