ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបានជាសះស្បើយពីជម្ងឺថ្មីៗ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានជាសះស្បើយពីជម្ងឺថ្មីៗហើយ អាពាធរបស់អាត្មាអញ សមជារើត្រឡប់កម្រើកឡើងវិញ (លាប់) ដោយហេតុនោះមិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៨។ ធម៌ទាំង៨នេះ ជាចំណែកវិសេស។
[៣២១] ធម៌៨ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ។ ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យ មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ
ID: 636819025765510393
ទៅកាន់ទំព័រ៖