ព្រះត្រៃបិដក ភាគ ១៩
តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងនរកវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីបានព្រះនិព្វាន ជាផ្លូវធ្វើដំណើរ ទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងកំណើតតិរច្ឆានវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរ ទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងកំណើតប្រេតវិស័យវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក
ID: 636819026051866772
ទៅកាន់ទំព័រ៖