ព្រះត្រៃបិដក ភាគ ១៩
(ទាន) ហាក់ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដី ដូច្នោះឯង។ ព្រះតថាគត ព្រោះបានធ្វើនូវកុសលកម្មនោះ លុះច្យុតចាកអត្តភាពនេះហើយ ចូលទៅកាន់ទិព្វវិមាន បានសោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួនដូចជាមាស (លុះមកកើត) ក្នុងភពនេះ បានគ្របសង្កត់ (នូវមនុស្សទាំងអស់) ហាក់ដូចជាព្រះឥន្ទ្រ ដែលប្រសើរជាងពួកទេវតា ដូច្នោះឯង។ បើព្រះតថាគត នៅជាមនុស្ស គ្រប់គ្រងគេហដ្ឋាន មិនប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងផែនដីធំ គ្របសង្កត់ (នូវពួកបច្ចាមិត្ត) ព្រមទាំងបាននូវរតនៈ៧ប្រការ ក្នុងលោកនេះផង បាននូវសម្ពត់ ដ៏ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរស្រស់ស្អាតផង។ បើព្រះតថាគតចេញទៅទ្រង់ព្រះផ្នួស នឹងបានសម្ពត់សម្រាប់ស្លៀក និងសម្ពត់សម្រាប់ដណ្តប់ដ៏ប្រសើរ ព្រះតថាគត រមែងបានសោយផលរបស់កម្ម ដែលបានទំនុកបម្រុងល្អហើយ នឹងបានធ្វើទុកមកពីជាតិមុន សេចក្តីវិនាសនៃកម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ។
ID: 636818887594507464
ទៅកាន់ទំព័រ៖