ព្រះត្រៃបិដក ភាគ ១៩
ដោយកាយផង ក៏បានចូលដល់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយ តែងសំដែងថា បុគ្គលអ្នកបានតតិយជ្ឈាន រមែងជាអ្នកមានចិត្តព្រងើយ មានស្មារតី នៅជាសុខ ដូច្នេះ១ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្ស អំពីមុនផង ក៏បានចូលដល់ចតុត្ថជ្ឈាន ឥតសុខ ឥតទុក្ខ មានតែសតិដ៏ស្អាតដោយឧបេក្ខា១ លុះកន្លងបង់នូវរូបសញ្ញា រំលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយក៏បានចូលដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត១ លុះកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត១ លុះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួច មិនមាន១ លុះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន១ លុះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់សញ្ញាវេទយិតនិរោធ១។ ធម៌ទាំង៩នេះ គួរដឹងច្បាស់។
ID: 636819032082891726
ទៅកាន់ទំព័រ៖