ព្រះត្រៃបិដក ភាគ ១៩
[៣៣៥] ធម៌ទាំង៩ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ។ អនុបុព្វនិរោធ (ធម៌ជាគ្រឿងរំលត់តាមលំដាប់) ៩យ៉ាងគឺ បុគ្គលចូលកាន់បឋមជ្ឈាន រលត់កាមសញ្ញា១ ចូលកាន់ទុតិយជ្ឈាន រលត់វិតក្កវិចារៈ១ ចូលកាន់តតិយជ្ឈាន រលត់បីតិ១ ចូលកាន់ចតុត្ថជ្ឈាន រលត់អស្សាសៈ បស្សាសៈ១ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន រលត់រូបសញ្ញា១ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន រលត់អាកាសានញ្ចាយតនសញ្ញា១ ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន រលត់វិញ្ញាណញ្ចាយតនសញ្ញា១ ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន រលត់អាកិញ្ចញ្ញាយតនសញ្ញា១ ចូលកាន់សញ្ញាវេទយិតនិរោធ រលត់សញ្ញា និងវេទនា១។ ធម៌ទាំង៩ នេះ គួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំង៩០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ។
ID: 636819032418820940
ទៅកាន់ទំព័រ៖