ព្រះត្រៃបិដក ភាគ ១៩
វៀរចាកការពោលពាក្យទ្រគោះ១ វៀរចាកការពោលពាក្យរោយរាយឥតប្រយោជន៍១ ចិត្តមិនសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តមិនគំកួន១ ការយល់ត្រូវ១។ ធម៌ទំាង១០នេះ ជាចំណែកវិសេស។
[៣៤៣] ធម៌ទាំង១០ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ។ ធម៌ជាគ្រឿងនៅអាស្រ័យរបស់អរិយៈ ១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់អង្គប្រាំ១ ប្រកបដោយឆឡង្គុបេក្ខា១ ជាអ្នករក្សាធម៌តែមួយ១ មានធម៌ជាបង្អែក៤យ៉ាង១ ជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក១ ជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារស្ងប់រម្ងាប់១ មានចិត្តរួចស្រឡះហើយដោយល្អ១ មានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះដោយល្អ១។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់អង្គ៥ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់ព្យាបាទ១ លះបង់ថីនមិទ្ធៈ១ លះបង់ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់អង្គ៥ ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុប្រកបដោយឆឡង្គុបេក្ខា តើដូចម្តេច។
ID: 636819035159897721
ទៅកាន់ទំព័រ៖