ព្រះត្រៃបិដក ភាគ ១៩
ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចោល ស្រាយចេញ លះបង់ ផ្តាច់ផ្តិលនូវសច្ចៈ ដ៏ផ្សេងគ្នាជាច្រើន របស់សមណៈ និងព្រាហ្មណ៍ដ៏ច្រើន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់ការស្វែងរកកាម លះបង់ការស្វែងរកភព លះបង់ការស្វែងរកព្រហ្មចារ្យចេញហើយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក ដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះក្នុងការព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន។
ID: 636819035636604987
ទៅកាន់ទំព័រ៖