ព្រះត្រៃបិដក ភាគ ១៩
[២៨] ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់ប្រជុំជន ដោយដៃ ឬដោយដម្បង និងដុំដី ឬក៏ដោយគ្រឿងសស្ត្រាវុធ ពុំនោះសោត ដោយការប្រើគេឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយាចងក្រៀក និងការគម្រាមឡើយ។ ព្រោះកម្មនោះឯង ទើបព្រះតថាកត លះលោកនេះទៅ ក៏រមែងរីករាយ ក្នុងឋានសួគ៌ បាននូវសេចក្តីសុខ ព្រោះធ្វើនូវអំពើដែលមានផលជាសុខ ប្រសាទសម្រាប់ទទួលរសអាហារ ជាទីត្រេកអរ (ណា) បានដម្កល់នៅស៊ប់ល្អហើយ លុះព្រះតថាគត មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ)។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះតថាគតនោះ ថា ជននេះ មុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជាគ្រហស្ថ ឬទៅជាបព្វជិត ក៏គង់មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ។
ID: 636818891972537873
ទៅកាន់ទំព័រ៖