ព្រះត្រៃបិដក ភាគ ១៩
[៣៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរស្រឡះហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជនឯនោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ឬបានឮពាក្យអំពីជនឯនោះ មិននាំមកប្រាប់ជនឯនេះ ដើម្បីបំបែកជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបម្រុងនូវពួកជន ដែលព្រមព្រៀងគ្នា ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរនឹងការព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានធ្មេញ៤០គត់១ មានធ្មេញជិតស្និទ្ធល្អ១។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។
ID: 636818894762777465
ទៅកាន់ទំព័រ៖