ព្រះត្រៃបិដក ភាគ ១៩
កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនបែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែលមិនបែកបាក់គ្នានោះ គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបាននូវរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងមានបរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះតថាគត ដែលមិនបែកបាក់គ្នានោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[៣៦] ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែលបង្កហេតុឲ្យបែកបាក់ ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាក់គ្នា និងទាស់ទែងគ្នា ឲ្យចំរើន ពាក្យដែលធ្វើជំលោះ និងអំពើមិនគួរ ឲ្យចំរើន និងពាក្យដែលនាំឲ្យជនដែលមានបំណងព្រមព្រៀង ឲ្យបែកបាក់គ្នា។
ID: 636818895034753021
ទៅកាន់ទំព័រ៖