ព្រះត្រៃបិដក ភាគ ១៩
គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់សួរសិង្គាលកគហបតិបុត្ត ដូច្នេះថា នែគហបតិបុត្ត ហេតុអ្វី ទើបអ្នកក្រោកអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ។បេ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តាំនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ហៃបា អ្នកត្រូវតែថ្វាយបង្គំទិសទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ធ្វើសក្ការៈគោរព រាប់អាន បូជា នូវពាក្យរបស់បិតា បានជាក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលី ថ្វាយបង្គំទិសទាំងឡាយដ៏ច្រើន គឺទិសខាងកើត។បេ។ ទិសខាងលើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈ គេមិនត្រូវថ្វាយបង្គំទិសទាំង៦យ៉ាង ដូច្នេះទេ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចំណែកក្នុងអរិយវិន័យ គេគប្បីថ្វាយបង្គំទិសទាំង៦ ដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន បើក្នុងវិន័យរបស់ព្រះអរិយៈ គេគប្បីថ្វាយបង្គំ ចំពោះទិសទាំង៦យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គដូច្នោះចុះ។
ID: 636818899324198364
ទៅកាន់ទំព័រ៖