ព្រះត្រៃបិដក ភាគ ១៩

 [​៥៣​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ការ​លេងល្បែង​ភ្នាល់​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​នេះ​ ​មាន៦យ៉ាង​ ​គឺ​បុគ្គល​នោះ​ ​បើ​ឈ្នះ​គេ​ ​តែង​បាន​ពៀរ១​ ​បើ​ចាញ់​គេ​ ​តែង​សោក​ស្តាយទ្រព្យ​សម្បត្តិ១​ ​វិនាស​ទ្រព្យសម្បត្តិ​ ​ដែល​ឃើញ​ជាក់ស្តែង​ ​ទាន់ភ្នែក១​ ​កាលបើ​ទៅ​សាលាវិនិច្ឆ័យ​ ​គេ​មិន​ជឿស្តាប់​ពាក្យ១​ ​ពួក​មិត្ត​អាមាត្យ​ ​តែង​បោះបង់ចោល១​ ​ជា​បុគ្គល​ដែលគេ​មិន​ត្រូវការ​ដណ្តឹង​ ​ឬ​ឲ្យ​កូនស្រី​ ​ព្រោះ​គេ​គិតថា​ ​បុរស​បុគ្គល​អ្នកលេង​ល្បែងភ្នាល់​ ​មិន​អាច​ចិញ្ចឹម​ប្រពន្ធ​បានទេ១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ការ​លេងល្បែង​ភ្នាល់​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​មាន៦យ៉ាងនេះ​ឯង​។​
 [​៥៤​]​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការសេពគប់​ ​នូវ​បាបមិត្ត​នេះ​ ​មាន៦យ៉ាង​ ​គឺ​ពួក​ជន​ដែល​ជា​អ្នកលេង​ល្បែងភ្នាល់១​ ​ជន​ដែល​ជា​អ្នកលេង​(​១​)​ស្រី១​ ​ជន​ដែល​ជា​អ្នកលេង​ផឹកសុរា១​ ​ជន​ដែល​ជា​អ្នក​បោក​ប្រាស​ ​បញ្ឆោត​អ្នកដទៃ​ ​ដោយ​របស់​ក្លែង១​ ​ជន​ដែល​ជា​អ្នក​បំបាត់​ប្រវញ្ចន៍​អ្នកដទៃ​ ​ក្នុង​ទី​ចំពោះមុខ១​ ​ជន​ដែល​ជា​អ្នក​ឆក់​ដណ្តើម​ទ្រព្យ​អ្នកដទៃ១​ ​ជន​ទាំងនោះ​ ​ជា​មិត្ត​ ​ជា​សំឡាញ់​ ​របស់​ជន​នោះ​។​ ​ម្នាល​គហបតិ​បុត្ត​ ​ទោស​ក្នុង​ការសេពគប់​នូវ​បាបមិត្ត​ ​មាន៦យ៉ាងនេះ​ឯង​។​
​(​១​)​ ​អ្នកលេង​ ​មាន៤យ៉ាង​ ​គឺ​អ្នកលេង​ស្រី១​ ​អ្នកលេង​ភត្ត១​ ​អ្នកលេង​ផឹកស្រា១​ ​អ្នកលេង​មើម​ឈើ​ ​មាន​ស៊ី​មើមដំឡូង​ជាដើម១​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636818901663182146
ទៅកាន់ទំព័រ៖