ព្រះត្រៃបិដក ភាគ ១៩
[៣] ព្រះតថាគត មានជើងប្រតិស្ឋានល្អ ដាក់លើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺបាតជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាចរហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ នឹងដល់នូវភាពជាអ្នកមានជនបទដ៏មាំមួន ប្រកបដោយរតន៍ទាំង៧ប្រការ។ រតន៍៧ប្រការរបស់ស្តេចចក្រពត្តិនោះ គឺចក្ករតន៍១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍១ បរិនាយករតន៍ ១ រួមត្រូវជា៧ប្រការ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន។ ស្តេចចក្រពត្តិនោះ ប្រាបប្រាមគ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ បើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី
ID: 636818879707416348
ទៅកាន់ទំព័រ៖