ព្រះត្រៃបិដក ភាគ ១៩
[៨៩] លំដាប់នោះ ស្តេចធំទាំង៤អង្គ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះឯង។ យក្ខទាំងអម្បាលនោះ លុះក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែប្រកាសនាម និងគោត្រ របស់ខ្លួន ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែនៅស្ងៀមហើយ ក៏បាត់ទៅក្នុងទីនោះ។
[៩០] លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញ ពួកស្តេចធំទាំង៤ តាំងការរក្សាក្នុងទិសទាំង៤ តាំងពលទុកក្នុងទិសទាំង៤ តាំងអ្នកត្រួតត្រាទុកក្នុងទិសទាំង៤ ដោយសេនាយក្ខដ៏ច្រើន សេនាគន្ធព្វដ៏ច្រើន សេនាកុម្ភណ្ឌដ៏ច្រើន សេនានាគដ៏ច្រើន លុះវេលារាត្រីកន្លងទៅហើយ ស្តេចទាំងនោះ មានពន្លឺរុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺ
ID: 636818917012650085
ទៅកាន់ទំព័រ៖