ព្រះត្រៃបិដក ភាគ ១៩
នេះជា វិមោក្ខ ទី៨។ ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបីនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំបីនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ចប់ ពួកធម៌ប្រាំបីៗ ដែលរាប់ចូលក្នុងការសង្គាយនា។
[២២២] ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបួន ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ រមែងមានប្រាកដ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំបួននោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួកប្រាំបួន ដូចម្តេចខ្លះ។ អាឃាតវត្ថុ (ហេតុនៃសេចក្តីគុំគួន) មាន៩យ៉ាងគឺ បុគ្គលចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ដល់អញ។
ID: 636818983939648090
ទៅកាន់ទំព័រ៖