ព្រះត្រៃបិដក ភាគ ១៩
សម្មាវិមុត្តិ ជាអសេក្ខធម៌១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួក១០ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកស្រេចហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា មិនត្រូវទាស់ទែងគ្នា ក្នុងធម៌ទាំងនោះ ព្រហ្មចរិយធម៌នេះ ដែលនឹងតាំងនៅមាំ ឋិតនៅអស់កាលយូរ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ចប់ ពួកធម៌ដប់ៗ ដែលរាប់ចូលក្នុងការសង្គាយនា។
[២៣៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ល្អហើយ ល្អហើយ ម្នាលសារីបុត្ត អ្នកបានសំដែងសង្គីតិបរិយាយ ដល់ភិក្ខុទាំងឡាយ ជាការប្រពៃពេកណាស់។ លុះព្រះសារីបុត្ត បានសំដែងសូត្រនេះចប់។ ព្រះសាស្តា ក៏បានពេញព្រះហឫទ័យហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ នឹងភាសិត របស់ព្រះសារីបុត្តដ៏មានអាយុ។
ចប់ សង្គីតិសូត្រ ទី១០។
ID: 636819002438026137
ទៅកាន់ទំព័រ៖