ព្រះត្រៃបិដក ភាគ ១៩
គឺនឹងបានជាអ្នកមានវាចា គួរឲ្យអ្នកផងកាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់តាមពាក្យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា
[៣៨] ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជាគ្រឿងមើលងាយ នូវជនច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់ ប្រកបដោយប្រយោជន៍។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់ ពេញចិត្ត គួរដម្កល់ទុកក្នុងហឫទ័យ នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (របស់មនុស្សដែលបានស្តាប់) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយផលនៃអំពើសុចរិត
ID: 636818895927894106
ទៅកាន់ទំព័រ៖