ព្រះត្រៃបិដក ភាគ ១៩
មិនលុះអគតិព្រោះខ្លាច ព្រោះហេតុទាំង៤ណា។ អរិយសាវ័កនោះ ឈ្មោះថា មិនធ្វើបាបកម្ម ព្រោះហេតុ៤យ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងពាក្យនេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់សំដែងពាក្យនេះហើយ ទើបសំដែងគាថាព័ន្ធនេះ តទៅទៀតថា
[៤៨] អ្នកណា ប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះ រមែងសាបសូន្យទៅ ដូចព្រះចន្ទខាងរនោច។ អ្នកណាមិនប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះ រមែងពេញបរិបូណ៌ ដូចព្រះចន្ទខាងខ្នើត។
[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១
ID: 636818900275172756
ទៅកាន់ទំព័រ៖