ព្រះត្រៃបិដក ភាគ ០២
សង្ឃាទិសេសទី៤
[១១៤] សម័យនោះឯង ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិភិក្ខុដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូល
(១) ក៏ចូលទៅរកត្រកូលមានប្រមាណច្រើន ក្នុងក្រុងសាវត្ថី។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមេម៉ាយស្លាប់ប្តី មានរូបល្អគួរពិតពិលរមិលមើល ជាទីនាំមកនូវសេចក្តីជ្រះថ្លា។ គ្រានោះ ឧទាយិភិក្ខុដ៏មានអាយុ ស្លៀកស្បង់ ទ្រង់បាត្រចីវរ ហើយចូលទៅកាន់លំនៅរបស់ស្រីនោះក្នុងពេលព្រឹកព្រហាម។ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនដែលគេក្រាលប្រគេន។ ស្រីនោះក៏ចូលមករកឧទាយិភិក្ខុដ៏មានអាយុក្នុងពេលនោះ លុះចូលមកជិតហើយ ក៏ឱនកាយថ្វាយបង្គំឧទាយិភិក្ខុដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏ញុំាងស្រីនោះ ដែលអង្គុយនៅក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយវាចាដ៏ប្រកបដោយធម៌។ ឯស្រីនោះ លុះឧទាយិភិក្ខុដ៏មានអាយុឲ្យឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយដោយវាចាដ៏ប្រកបដោយធម៌ដូច្នោះហើយ ក៏បាននិយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា
(១) កុលុបក ប្រែថា ជីតុន ក៏បាន គឺភិក្ខុដែលជិតដិតស្និទ្ធស្នាលនឹងត្រកូល។
ID: 636779784751658900
ទៅកាន់ទំព័រ៖