ព្រះត្រៃបិដក ភាគ ០២
សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាត្រូវធ្វើដូចម្តេចឲ្យជាស្រីមានរូបល្អ។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី បើដូច្នោះ នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណានឹងឲ្យទានដូចម្តេចដល់លោកម្ចាស់។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី នាងចូរឲ្យទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះប្រាប់ថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានស្រីម្នាក់ បាននិយាយពាក្យនេះនឹងភិក្ខុដែលតែងទៅមកកាន់ត្រកូលថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាផ្គត់ផ្គង់លោកម្ចាស់ដោយទានដូចម្តេច។ ភិក្ខុនោះប្រាប់ថា ម្នាលប្អូនស្រី ចូរនាងផ្គត់ផ្គង់ដោយទានដ៏ប្រសើរចុះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។
ID: 636779862672095694
ទៅកាន់ទំព័រ៖