ព្រះត្រៃបិដក ភាគ ០២

ហើយក៏​ត្រឡប់​មកកាន់​ក្រុង​សាវត្ថី​វិញ​។​ ​នាង​កុមារី​នោះ​ ​ក៏​ប្រើ​បម្រើ​ទៅ​ឯ​សំណាក់​ម្តាយ​ក្នុង​លើក​ទី៣ទៀត​ថា​ ​ខ្លួនខ្ញុំ​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ណាស់​ ​មិនបាន​សេចក្តី​សុខ​ទេ​ ​ព្រោះ​ពួក​សាវក​របស់​អាជីវក​ប្រើប្រាស់​ខ្ញុំ​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​បានតែ​ត្រឹម១ខែ​ទេ​ ​តពីនោះមក​ ​ក៏​ប្រើប្រាស់​ខ្ញុំ​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​ ​សូមឲ្យ​អ្នកម្តាយ​ខ្ញុំ​ ​អញ្ជើញ​មក​នាំ​យក​ខ្ញុំ​ទៅ​ផង​។​ ​ប្រពន្ធ​ហោរា​នោះ​ ​ចូល​ទៅ​ឯ​ទី​ដែល​ឧទាយិ​ភិក្ខុ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក្នុង​លើក​ទី២ថា​ ​បពិត្រ​លោកម្ចាស់​ ​ឮដំណឹង​ថា​ ​នាង​កុមារី​នោះ​ ​ជា​ស្រី​ដល់​នូវ​សេចក្តី​ក្រីក្រ​លំបាក​ណាស់​ ​មិនបាន​សេចក្តី​សុខ​ទេ​ ​ព្រោះ​ពួក​សាវក​របស់​អាជីវក​ប្រើប្រាស់​វា​ ​ដោយ​ការបម្រើ​ជា​កូនប្រសា​បានតែ​ត្រឹម១ខែ​ទេ​ ​តពីនោះមក​ ​ក៏​ប្រើប្រាស់​ដោយ​ការបម្រើ​ជា​ទាសី​ទៅវិញ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​គួរ​លោកម្ចាស់​ទៅ​និយាយ​នឹងគេ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងអស់គ្នា​ ​កុំ​ប្រើប្រាស់​នាង​កុមារី​នេះ​ ​ដោយ​ការបម្រើ​ជា​ខ្ញុំស្រី​ ​ចូរ​ប្រើប្រាស់​នាង​កុមារី​នេះ​ដោយ​ការបម្រើ​ជា​កូនប្រសា​វិញ​។​ ​ឧទាយិ​ភិក្ខុ​ឆ្លើយ​ថា​ ​កាលពីមុន​ ​ពួក​សាវក​របស់​អាជីវក​ ​ធ្វើ​អាត្មា​មិន​ឲ្យ​ជ្រះថ្លា​ម្តង​ទៅ​ហើយ​ ​ឥឡូវនេះ​ ​នាង​ចូល​ទៅចុះ​ ​អាត្មា​មិនទៅ​ទៀត​ទេ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636779865284735128
ទៅកាន់ទំព័រ៖