ព្រះត្រៃបិដក ភាគ ០២

សម័យ​នោះ​ឯង​ ​បុរស​ម្នាក់​បង្គាប់​ភិក្ខុ​មួយ​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​។​ ​ភិក្ខុ​នោះ​ក៏​ទៅ​ហើយ​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​ស្រី​ឈ្មោះ​នេះ​នៅឯណា​។​ ​មនុស្ស​ទាំងឡាយ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ស្រី​នោះ​ស្លាប់​ហើយ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​បុរស​ម្នាក់​បង្គាប់​ភិក្ខុ​មួយ​រូប​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូម​លោក​ទៅ​និយាយ​ល្បងមើល​នឹង​ស្រី​ឈ្មោះ​នេះ​។​ ​ភិក្ខុ​នោះ​ក៏​ទៅ​ ​ហើយ​សួរ​មនុស្ស​ទាំងឡាយ​ថា​ ​ស្រី​ឈ្មោះ​នេះ​នៅឯណា​។​ ​មនុស្ស​ទាំងឡាយ​ឆ្លើយ​ថា​ ​នាង​នោះ​ចេញពី​ទីនេះ​ទៅ​ហើយ​ ​លោកម្ចាស់​។​បេ​។​ ​មនុស្ស​នោះ​មិនមែន​ជា​ស្រី​ទេ​ ​លោកម្ចាស់​។​បេ​។​ ​មនុស្ស​នោះ​ជា​ស្រី​ខ្ទើយ​ទេ​ ​លោកម្ចាស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636779898629622347
ទៅកាន់ទំព័រ៖