ព្រះត្រៃបិដក ភាគ ០២
[១៩២] សម័យនោះឯង ស្រីម្នាក់ឈ្លោះគ្នានឹងប្តី ហើយរត់ទៅផ្ទះម្តាយ។ ភិក្ខុជាអ្នកចូលទៅកាន់ត្រកូល បាននិយាយផ្សះផ្សា។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ស្រីនោះប្តីបានលែងលះគ្នាដាច់ខាតហើយឬ។ ភិក្ខុនោះឆ្លើយថា សូមទ្រង់ព្រះមេត្តាប្រោស មិនទាន់លែងដាច់ទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនមានអាបត្តិទេ ព្រោះគេមិនទាន់លែងគ្នាដាច់ខាត។
[១៩៣] សម័យនោះឯង ភិក្ខុមួយរូបប្រព្រឹត្តនិយាយដឹកនាំការឲ្យមនុស្សខ្ទើយទាំងឡាយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
សង្ឃាទិសេសទី៥ ចប់។
ID: 636779899028195144
ទៅកាន់ទំព័រ៖