ព្រះត្រៃបិដក ភាគ ០២
ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះដល់ភិក្ខុនោះអង្គុយស៊ប់ហើយ តថាគតបានពោលពាក្យនេះនឹងភិក្ខុនោះថា ម្នាលភិក្ខុ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមអត់ធន់បានទេឬ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ អ្នកល្មមឲ្យប្រព្រឹត្តទៅបានទេឬ អ្នកជាបុគ្គលមកកាន់ផ្លូវឆ្ងាយដោយឥតមានលំបាកទេឬ ម្នាលភិក្ខុ ចុះអ្នកមកអំពីទីណា។ ភិក្ខុនោះពោលថា បពិត្រព្រះដ៏មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគ ខន្ធបញ្ចកដែលមានចក្ក៤ មានទ្វារ៩ ខ្ញុំព្រះអង្គល្មមឲ្យប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចំរើន មួយសោត ខ្ញុំព្រះអង្គជាបុគ្គលមកកាន់ផ្លូវឆ្ងាយដោយឥតមានលំបាកឡើយ បពិត្រព្រះអង្គដ៏ចំរើន ខាងភ្នំហិមវន្ត មានដងព្រៃមួយធំ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងទីជិតនៃដងព្រៃនោះ មានបឹងទំនាបធំ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មានហ្វូងសត្វស្លាបច្រើន វេលាថ្ងៃ ត្រាច់រកអាហារនៅបឹងនោះ លុះដល់វេលាល្ងាច នាំគ្នាមកអាស្រ័យនៅនាដងព្រៃនោះ បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានជាមកអំពីទីនោះ ព្រោះអផ្សុកនឹងសំឡេងនៃហ្វូងសត្វស្លាបនោះ។ តថាគតបានសួរថា ម្នាលភិក្ខុ ចុះអ្នកចង់មិនឲ្យហ្វូងសត្វស្លាបនោះមកទេឬ ភិក្ខុនោះពោលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនចង់ឲ្យហ្វូងសត្វស្លាបនោះមកទេ។
ID: 636779902366876105
ទៅកាន់ទំព័រ៖