ព្រះត្រៃបិដក ភាគ ០២
អ្នកទាំងអស់គ្នាធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់បានជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា កាលភិក្ខុឲ្យគេធ្វើកុដិដែលមិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួន ដោយការសូមគ្រឿងឧបករណ៍មកខ្លួនឯង គប្បីធ្វើឲ្យប្រកបដោយប្រមាណ ប្រមាណកុដិនោះគឺ បណ្តោយ១២ចំអាម ទទឹង៧ចំអាម ដោយចំអាមព្រះសុគតវាស់ខាងក្នុង ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ ភិក្ខុទាំងនោះគប្បីសំដែងទីដែលមិនមានអន្តរាយ និងមានឧបចារ បើភិក្ខុឲ្យគេធ្វើកុដិដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង ក្នុងទីដែលមានអន្តរាយ និងមិនមានឧបចារក្តី មិនបាននាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យក្តី ធ្វើឲ្យកន្លងហួសប្រមាណក្តី ត្រូវអាបត្តិសង្ឃាទិសេស។
[២០១] ភិក្ខុបានសូមបុរសក្តី គ្រឿងហត្ថកម្មនៃបុរសក្តី គោក្តី រទេះក្តី កំាបិតក្តី ពូថៅក្តី ដឹងក្តី ចបក្តី ពន្លាកក្តី។បេ។ ស្មៅក្តី ដីស្អិតក្តី ដោយខ្លួនឯង ឈ្មោះថាសូមគ្រឿងឧបករណ៍គេមកខ្លួនឯង។ ដែលឈ្មោះថាកុដិនោះ គឺកុដិដែលលាបខាងក្នុង ឬកុដិដែលលាបខាងក្រៅ ឬកុដិដែលលាបទាំងខាងក្នុង ទាំងខាងក្រៅ។ ត្រង់ពាក្យថា កាលឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ឲ្យគេធ្វើក្តី។
ID: 636779910379344392
ទៅកាន់ទំព័រ៖