ព្រះត្រៃបិដក ភាគ ០២
ត្រង់ពាក្យថា មិនមានទាយកជាម្ចាស់របស់ សេចក្តីថា មិនមានអ្នកដទៃណាមួយទោះស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី ជាម្ចាស់របស់។ ត្រង់ពាក្យថា ចំពោះជាទីនៅនៃខ្លួន គឺដើម្បីជាប្រយោជន៍ដល់ខ្លួន។ ត្រង់ពាក្យថា គប្បីធ្វើឲ្យប្រកបដោយប្រមាណ ប្រមាណកុដិនោះគឺ បណ្តោយ១២ចំអាម ដោយចំអាមព្រះសុគត គឺវាស់តាមទីដែលជាខាងក្រៅកុដិ។ ត្រង់ពាក្យថា ទទឹង៧ចំអាម វាស់ខាងក្នុង គឺវាស់តាមទីដែលជាខាងក្នុងកុដិ។
[២០២] ត្រង់ពាក្យថា ត្រូវនាំពួកភិក្ខុមកដើម្បីសំដែងទីឲ្យ សេចក្តីថា រូបភិក្ខុអ្នកធ្វើកុដិនោះ ត្រូវជំរះទីកុដិរួចចូលទៅរកសង្ឃ ហើយធ្វើចីវរឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលីពោលពាក្យយ៉ាងនេះថា ខ្ញុំករុណាចង់ធ្វើកុដិមិនមានទាយកជាម្ចាស់របស់ ចំពោះជាទីនៅនៃខ្លួនដោយការសូមគ្រឿងឧបករណ៍គេមកខ្លួនឯង បពិត្រលោកដ៏ចំរើនទាំងឡាយ ខ្ញុំករុណាឯង សូមឲ្យសង្ឃពិនិត្យមើលទីធ្វើកុដិឲ្យទាន។ ភិក្ខុអ្នកធ្វើកុដិនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។ បើសង្ឃទាំងអស់ អាចដើម្បីពិនិត្យមើលទីធ្វើកុដិបាន សង្ឃទាំងអស់គប្បីពិនិត្យមើល។
ID: 636779910716893699
ទៅកាន់ទំព័រ៖