ព្រះត្រៃបិដក ភាគ ០២

ធ្វើ​វិហារ​ឲ្យ​។​ ​ភិក្ខុ​អ្នកធ្វើ​វិហារ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​សូម​ជា​គំរប់​បីដង​ផង​។​ ​បើ​សង្ឃ​ទាំងអស់​អាច​ត្រួតត្រា​មើល​ទីសម្រាប់​សង់​វិហារ​បាន​ ​ត្រូវ​សង្ឃ​ទាំងអស់​ត្រួតមើល​។​ ​បើ​សង្ឃ​ទាំងអស់​មិន​អាច​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​បានទេ​ ​ហើយ​ក្នុង​ទីនោះ​ ​មាន​ភិក្ខុ​ទាំងឡាយ​ណា​ ​ឈ្លាស​ប្រតិពល​ ​ដឹង​ទី​ដែល​មាន​សេចក្តី​រង្កៀស​(​១​)​ ​ទី​ដែល​មិន​មាន​សេចក្តី​រង្កៀស​ ​ទី​មាន​ឧបចារ​ ​ទី​មិន​មាន​ឧបចារ​ ​ភិក្ខុសង្ឃ​ត្រូវ​សូម​ភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយ​សន្មត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​សង្ឃ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​ភិក្ខុ​អ្នក​ឈ្លាស​ប្រតិពល​ ​ត្រូវឲ្យ​សង្ឃ​ដឹង​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​ចង់​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​សូម​សង្ឃ​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​ឲ្យ​។​ ​បើ​ការ​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​មានកាល​ដ៏​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បី​ត្រួតមើល​នូវ​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ពាក្យ​នេះ​ជា​ពាក្យ​សម្រាប់​ញុំាង​សង្ឃ​ឲ្យដឹង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​​
​(​១​)​ ​សព្ទ​នេះ​ប្រែ​មក​ពី​បាឡី​ថា​ ​សារម្ភ​ ​ៗ​នេះ​ ​ប្រែថា​ ​ប្រកបដោយ​សេចក្តី​អន្តរាយ​ ​ថា​មានហេតុ​ទាស់​ ​ថា​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ឬ​មាន​សេចក្តី​រង្កៀស​ ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636779988047516758
ទៅកាន់ទំព័រ៖