ព្រះត្រៃបិដក ភាគ ០២
ក្នុងថ្ងៃស្អែក អាត្មាបានចាត់ឲ្យដល់មេត្តិយ និងភុម្មជកភិក្ខុទាំងឡាយ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក ក៏មានសេចក្តីអាក់អន់ចិត្ត ដោយគិតថា ចុះហេតុអ្វីបានជាភិក្ខុអាក្រក់ទាំងឡាយ នឹងត្រូវឆាន់ចង្ហាន់ក្នុងផ្ទះយើងដែរ (លុះគិតដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់ទាសីថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសនក្នុងជង្រុក ហើយអង្គាសលោកទាំងនោះដោយបាយចុងអង្ករ មានទឹកជ្រក់ជាគំរប់ពីរចុះ។ ខ្ញុំស្រីនោះទទួលស្តាប់ពាក្យគហបតីឈ្មោះកល្យាណភត្តិកដោយពាក្យថា ច៎ាះ អ្នកម្ចាស់។ កាលនោះមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ ចង្ហាន់ក្នុងផ្ទះគហបតីឈ្មោះកល្យាណភត្តិក សង្ឃបានសំដែងឡើងដល់យើងទាំងឡាយអំពីថ្ងៃម្សិលមិញហើយ វេលាព្រឹកស្អែក គហបតីឈ្មោះកល្យាណភត្តិកព្រមទាំងកូនប្រពន្ធ នឹងចូលមកជិតបម្រើបម្រាស់អង្គាសយើង ភិក្ខុទាំងឡាយដទៃៗខ្លះនឹងសួររកបាយ ខ្លះនឹងសួររកសម្ល ខ្លះនឹងសួររកប្រេង ខ្លះនឹងសួររកសម្លឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ទុកជាចង់ដេកយ៉ាងណា ដ៏ដេកមិនលក់អស់មួយយប់។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ព្រឹកឡើងក៏ស្លៀកដណ្តប់ ហើយទ្រង់បាត្រនិងចីវរ ចូលទៅកាន់ទីលំនៅ
ID: 636780000435805327
ទៅកាន់ទំព័រ៖