ព្រះត្រៃបិដក ភាគ ០២
របស់គហបតីឈ្មោះកល្យាណភត្តិក។ ខ្ញុំស្រីនោះបានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុតាំងពីនិមន្តមកពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនក្នុងជង្រុក ហើយបាននិយាយពាក្យនេះនឹងមេត្តិយភុម្មជកភិក្ខុ (ទាំងពីររូប) ថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយគង់ (ក្នុងទីនេះ)ចុះ។ កាលនោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមានសេចក្តីត្រិះរិះថា ប្រហែលជាចង្ហាន់មិនទាន់ឆ្អិនទេដឹង បានជាគេឲ្យយើងអង្គុយក្នុងជង្រុក (នេះ)។ ខ្ញុំស្រីនោះ ក៏លើកបាយចុងអង្ករ ជាគំរប់ពីរមុខនឹងទឹកជ្រក់ ហើយនិយាយនឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុក្នុងពេលនោះថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយសុទ្ធតែជាអ្នកត្រូវវេនបាននិច្ចភត្ត។ ខ្ញុំស្រីនោះឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយជាអ្នកត្រូវវេនបាននិច្ចភត្តហើយ តែថាម្សិលមិញ គហបតីបង្គាប់ខ្ញុំព្រះករុណាថា នែហង លោកទាំងឡាយឯណាត្រូវការដោយចង្ហាន់និមន្តមកក្នុងថ្ងៃស្អែក ហងឯងចូរក្រាលអាសនក្នុងជង្រុកចុះ ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករជាគំរប់ពីរមុខនឹងទឹកជ្រក់ (ហេតុនោះ) បពិត្រលោកដ៏ចំរើនទាំងឡាយ សូមលោកឆាន់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុគិតគ្នាថា ម្នាលអាវុសោ កាលពីថ្ងៃម្សិល គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់សំណាក់ព្រះទព្វមល្លបុត្ត
ID: 636780000719891576
ទៅកាន់ទំព័រ៖